6. ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។
7. ម្ចាស់ក្សត្រីយេសិបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
8. ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបោត។
9. ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រីយេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
10. ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11. ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសិបិលបានបញ្ជាក្នុងរាជសារ។
12. ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
13. មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។
14. គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។