5. ម្ចាស់ក្សត្រីយេសិបិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។
6. ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។
7. ម្ចាស់ក្សត្រីយេសិបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
8. ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបោត។