16. កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើងយាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
17. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
18. «ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។
19. ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20. ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។
22. យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
23. ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រីយេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។
24. កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុងនឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាលនឹងត្រូវត្មាតចឹកស៊ីដែរ”»។