១ ពង្សា‌វតារ‌ក្សត្រ 21:14-20 Khmer Standard Version (KHSV)

14. គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោត​ហើយ»។

15. កាល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​តើន​ឡើង​យាង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះ‌ករុណា​ចុះ ដ្បិត​ណា‌បោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។

16. កាល​ព្រះ‌បាទ​អហាប់​ជ្រាប​ថា លោក​ណា‌បោត​ស្លាប់​ហើយ ទ្រង់​ក៏​តើន​ឡើង​យាង​ចុះ​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

18. «ចូរ​ក្រោក​ឡើង ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។

19. ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណា‌បោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។

20. ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «នែ៎​សត្រូវ​អើយ! តើ​លោក​មក​ជួប​យើង​ទៀត​ហើយ​ឬ?»។ លោក​អេលីយ៉ា​ទូល​ថា៖ «ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា ព្រោះ​ព្រះ‌ករុណា​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

១ ពង្សា‌វតារ‌ក្សត្រ 21