12. ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
13. មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។
14. គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។
15. កាលម្ចាស់ក្សត្រីយេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះបាទអហាប់ថា៖ «សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។
16. កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើងយាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
17. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
18. «ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។
19. ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20. ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។
22. យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
23. ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រីយេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។
24. កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុងនឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាលនឹងត្រូវត្មាតចឹកស៊ីដែរ”»។
25. មិនដែលមាននរណាដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាមហេសី។
26. ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
27. កាលព្រះបាទអហាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។
28. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
29. «អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយ»។