7. ស្ដេចស្រុកអ៊ីស្រាអែលកោះហៅព្រឹទ្ធាចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេឲ្យមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។
8. ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអហាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។
9. ពេលនោះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរទៅទូលព្រះករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មានដែលព្រះករុណាចាត់គេ ឲ្យមកទាមទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះករុណាទាមទារជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះបាទបេនហាដាដវិញ។
10. ព្រះបាទបេនហាដាដចាត់គេឲ្យមកទូលព្រះបាទអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកម្ទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។
11. ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
12. ព្រះបាទបេនហាដាដឮពាក្យនេះ នៅពេលកំពុងសោយសុរាជាមួយស្ដេចសម្ពន្ធមិត្ត នៅក្នុងពន្លា។ ស្ដេចបញ្ជាពលទាហានថា៖ «ចូររៀបចំខ្លួនប្រយុទ្ធ!»។ ពួកគេក៏រៀបចំទ័ពបម្រុងនឹងវាយលុកទីក្រុង។
13. ពេលនោះ មានព្យាការីម្នាក់ចូលមកគាល់ព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែល ដោយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើអ្នកឃើញកងទ័ពដ៏សន្ធឹកសន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
14. ព្រះបាទអហាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកឲ្យខ្ញុំ តាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអហាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។
15. ព្រះបាទអហាប់យាងត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រាអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។