34. ព្រះបាទបេនហាដាដមានរាជឱង្ការទៅកាន់ព្រះបាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកឲ្យព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអហាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកឲ្យព្រះបាទបេនហាដាដយាងត្រឡប់ទៅស្រុកវិញ។
35. មានបុរសម្នាក់ដែលជាសមាជិករបស់ក្រុមព្យាការីពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
36. ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសិង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសិង្ហ ហើយសិង្ហក៏សម្លាប់គាត់។
37. បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀត ហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើឲ្យគាត់មានរបួស។
38. ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិត ដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអហាប់នៅតាមផ្លូវ។
39. កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។
40. ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
41. ព្យាការីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្ដេចស្រុកអ៊ីស្រាអែលក៏ស្គាល់ថាជាព្យាការី។
42. គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
43. ស្ដេចស្រុកអ៊ីស្រាអែលយាងត្រឡប់ទៅវាំង នៅក្រុងសាម៉ារី ទាំងមួម៉ៅ និងក្រេវក្រោធ។