26. មួយឆ្នាំក្រោយមក ព្រះបាទបេនហាដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រាអែល។
27. ព្រះបាទអហាប់យាងត្រួតពលទ័ពអ៊ីស្រាអែល ហើយចែកស្បៀងអាហារឲ្យ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលបោះជំរំទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។
28. អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
29. កងទ័ពទាំងពីរបោះជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រាអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។
30. រីឯទាហានដែលនៅសេសសល់នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ព្រះបាទបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។
31. ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថា ស្ដេចអ៊ីស្រាអែលសុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។
32. ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដ ជាអ្នកបម្រើរបស់ព្រះករុណា ទូលថា “សូមព្រះករុណាមេត្តាទុកជីវិតឲ្យទូលបង្គំផង”»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «តើព្រះរាជានៅមានព្រះជន្មទេឬ? ទ្រង់ក៏ជាបងប្អូននឹងយើងដែរ!»។
33. កាលពួកមន្ត្រីឃើញថាឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «ចូរទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអហាប់ ហើយព្រះបាទអហាប់ឲ្យព្រះបាទបេនហាដាដឡើងជិះរាជរថជាមួយ។
34. ព្រះបាទបេនហាដាដមានរាជឱង្ការទៅកាន់ព្រះបាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកឲ្យព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអហាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកឲ្យព្រះបាទបេនហាដាដយាងត្រឡប់ទៅស្រុកវិញ។
35. មានបុរសម្នាក់ដែលជាសមាជិករបស់ក្រុមព្យាការីពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
36. ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសិង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសិង្ហ ហើយសិង្ហក៏សម្លាប់គាត់។
37. បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀត ហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើឲ្យគាត់មានរបួស។
38. ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិត ដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអហាប់នៅតាមផ្លូវ។
39. កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។
40. ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។