1. ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចំបាំង រួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
2. ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែល ដូចតទៅ៖
3. ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។
4. ស្ដេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន»។
5. អ្នកនាំសារមកគាល់ព្រះបាទអហាប់ជាថ្មី ទូលថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការដូចតទៅ: យើងបានចាត់គេឲ្យមកទូលព្រះករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះករុណាមកឲ្យយើង។
6. ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបម្រើឲ្យមកជួបព្រះករុណា ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ព្រះករុណា និងក្នុងផ្ទះសម្បែងរបស់រាជបម្រើ គឺពួកគេប្រមូលយករបស់របរទាំងប៉ុន្មានដែលព្រះករុណាស្រឡាញ់ពេញចិត្ត»។
7. ស្ដេចស្រុកអ៊ីស្រាអែលកោះហៅព្រឹទ្ធាចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេឲ្យមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។
8. ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអហាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។
9. ពេលនោះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរទៅទូលព្រះករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មានដែលព្រះករុណាចាត់គេ ឲ្យមកទាមទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះករុណាទាមទារជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះបាទបេនហាដាដវិញ។
10. ព្រះបាទបេនហាដាដចាត់គេឲ្យមកទូលព្រះបាទអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកម្ទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។