38. លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
39. បីឆ្នាំក្រោយមក មានបាវបម្រើពីរនាក់របស់លោកស៊ីម៉ៃ រត់ភៀសខ្លួនទៅជ្រកកោននឹងស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ មានគេប្រាប់លោកស៊ីម៉ៃថា បាវបម្រើរបស់គាត់រត់ទៅនៅក្រុងកាថ។
40. លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ លោកទាមទារយកបាវបម្រើពីស្ដេចអគីស នាំត្រឡប់មកវិញ។
41. មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។
42. ព្រះរាជាក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានឲ្យលោកស្បថ ក្នុងនាមព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។