31. ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។
32. ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។
33. បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។
34. លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
35. ព្រះរាជាតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងលោកសាដុកជាបូជាចារ្យ ជំនួសលោកអបៀថើរ។
36. ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការទៅកាន់លោកថា៖ «លោកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។
37. តោងដឹងថាថ្ងៃណាមួយ ប្រសិនបើលោកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះលោកមុខជាស្លាប់ ហើយលោកទទួលខុសត្រូវខ្លួនឯងចំពោះការស្លាប់នេះ»។
38. លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។