១ ពង្សា‌វតារ‌ក្សត្រ 2:23-28 Khmer Standard Version (KHSV)

23. ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​មិន​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ទូលបង្គំ យ៉ាង​ធ្ងន់​ចុះ!

24. ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ទូលបង្គំ​ថា នៅ​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។

25. ព្រះ‌បាទ​សាឡូម៉ូន ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា។ សម្ដេច​អដូ‌នី‌យ៉ា​ក៏​សោយ​ទិវង្គត​ទៅ។

26. បន្ទាប់​មក ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជា‌អម្ចាស់ ដើរ​ពី​មុខ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»។

27. ព្រះ‌បាទ​សាឡូម៉ូន​បណ្ដេញ​លោក​អបៀ‌ថើរ​ចេញ​ពី​តំណែង​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្ដី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។

28. ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។

១ ពង្សា‌វតារ‌ក្សត្រ 2