17. សម្ដេចអដូនីយ៉ាទូលថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។
18. នាងបាតសេបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាឲ្យ»។
19. នាងបាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាង ហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយថ្វាយមាតា នៅខាងស្ដាំ។
20. នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។
21. នាងពោលថា៖ «សូមបុត្រប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបងរបស់បុត្រ ធ្វើជាមហេសី»។
22. ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ហេតុអ្វីបានជាមាតាមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបែបនេះ? ម្ដេចមិនសុំរាជសម្បត្តិឲ្យសម្ដេចតែម្ដងទៅ ដ្បិតសម្ដេចជាបងរបស់ទូលបង្គំស្រាប់! សូមមាតាប្រគល់រាជ្យនេះឲ្យសម្ដេចអដូនីយ៉ា និងលោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
23. ព្រះបាទសាឡូម៉ូនស្បថក្នុងនាមព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំមិនប្រហារជីវិតសម្ដេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ យ៉ាងធ្ងន់ចុះ!
24. ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលបានឲ្យទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះ សម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។
25. ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។
26. បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
27. ព្រះបាទសាឡូម៉ូនបណ្ដេញលោកអបៀថើរចេញពីតំណែងជាបូជាចារ្យរបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
28. ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។