1. ពេលព្រះបាទដាវីឌជិតសោយទិវង្គត ទ្រង់ផ្ដែផ្ដាំព្រះបាទសាឡូម៉ូន ជាបុត្រថា៖
2. «បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ!
3. ចូរស្ដាប់តាមបង្គាប់របស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះអង្គជានិច្ច ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងក្រឹត្យវិន័យ*របស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។
4. ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
5. បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។
6. ចូរប្រព្រឹត្តចំពោះលោកយ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់បុត្រ មិនត្រូវទុកឲ្យលោកស្លាប់ដោយសុខសាន្ត ព្រោះតែចាស់ជរាឡើយ។
7. ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយបុត្រ ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់បុត្រ នោះពួកគេបានមកជួយគាំទ្របិតា។
8. ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។
9. ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
10. ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្ដេចនៅបុរីព្រះបាទដាវីឌ។
11. ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
12. ព្រះបាទសាឡូម៉ូន ជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
13. ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។
14. សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។
15. សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។
16. ឥឡូវនេះ ទូលបង្គំមានការមួយចង់ទូលថ្វាយ សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមមានរាជឱង្ការមកចុះ»។
17. សម្ដេចអដូនីយ៉ាទូលថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។
18. នាងបាតសេបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាឲ្យ»។
19. នាងបាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាង ហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយថ្វាយមាតា នៅខាងស្ដាំ។