5. ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅសម្រាប់សេះ និងលា ដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។
6. ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ព្រះបាទអហាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌាធ្វើដំណើរតាមផ្លូវមួយទៀត។
7. ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ លោកអេលីយ៉ាបានជួបនឹងគាត់។ លោកអូបាឌាមើលលោកអេលីយ៉ាស្គាល់ គាត់ក៏ក្រាបចុះ អោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាលោកអេលីយ៉ាឬ?»
8. លោកអេលីយ៉ាឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅទូលព្រះរាជាថា អេលីយ៉ាមកដល់ហើយ!»។
9. លោកអូបាឌាពោលថា៖ «តើខ្ញុំប្របាទប្រព្រឹត្តអ្វីខុស បានជាលោកប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទអហាប់ ដើម្បីឲ្យស្ដេចសម្លាប់ខ្ញុំប្របាទដូច្នេះ?
10. ខ្ញុំប្របាទសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា: ព្រះរាជាចាត់គេឲ្យទៅតាមរកលោក នៅគ្រប់ប្រជាជាតិ និងគ្រប់នគរ។ កាលមានគេឆ្លើយថា លោកមិននៅទីនោះទេ ស្ដេចតែងតែឲ្យនគរ ឬប្រជាជាតិនោះស្បថថា គេមិនបានឃើញលោកមែន។
11. ឥឡូវនេះ លោកប្រើខ្ញុំប្របាទឲ្យទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ!
12. ប៉ុន្តែ ក្នុងពេលខ្ញុំប្របាទចេញទៅនោះ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកលើកលោកយកទៅកន្លែងមួយ ដែលខ្ញុំប្របាទមិនដឹង ហើយបើព្រះបាទអហាប់រកលោកពុំឃើញ ដូចខ្ញុំប្របាទរាយការណ៍ថ្វាយទេ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន ថ្វីដ្បិតតែខ្ញុំប្របាទគោរពកោតខ្លាចព្រះអម្ចាស់ តាំងពីក្មេងមកក៏ដោយ។
13. គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំប្របាទបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកព្យាការីរបស់ព្រះអម្ចាស់ ខ្ញុំប្របាទបាននាំព្យាការីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំប្របាទបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។
14. ឥឡូវនេះ បើលោកប្រើខ្ញុំប្របាទឲ្យទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន!»។
15. លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលមានព្រះជន្មគង់នៅ និងជាព្រះដែលខ្ញុំគោរពបម្រើថា ថ្ងៃនេះ ខ្ញុំនឹងជួបព្រះបាទអហាប់»។
16. លោកអូបាឌាចូលទៅគាល់ព្រះបាទអហាប់ ហើយរាយការណ៍ថ្វាយស្ដេច។ ព្រះបាទអហាប់ក៏យាងទៅជួបលោកអេលីយ៉ា។
17. កាលស្ដេចឃើញលោកអេលីយ៉ាហើយ ទ្រង់ក៏មានរាជឱង្ការថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រាអែលរងគ្រោះ!»។
18. លោកអេលីយ៉ាតបថា៖ «ទូលបង្គំមិនបាននាំឲ្យអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កឲ្យមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល។
19. ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល ឲ្យមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសិបិល មកជាមួយដែរ»។