39. កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
40. លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
41. លោកអេលីយ៉ាទូលព្រះបាទអហាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។
42. ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
43. លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបម្រើឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។
44. នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបលោកអេលីយ៉ាថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអហាប់ឲ្យទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
45. ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។
46. លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។