37. ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេឲ្យវិលមករកព្រះអង្គវិញបាន»។
38. ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
39. កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
40. លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
41. លោកអេលីយ៉ាទូលព្រះបាទអហាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។
42. ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
43. លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបម្រើឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។
44. នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបលោកអេលីយ៉ាថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអហាប់ឲ្យទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
45. ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។
46. លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។