26. ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។
27. លុះដល់ថ្ងៃត្រង់ លោកអេលីយ៉ាក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកឲ្យខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គឲ្យតើនឡើង!»។
28. ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
29. លុះដល់ថ្ងៃជ្រេបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសម្គាល់អ្វីឡើយ។
30. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីយ៉ាសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។