18. លោកអេលីយ៉ាតបថា៖ «ទូលបង្គំមិនបាននាំឲ្យអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កឲ្យមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល។
19. ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល ឲ្យមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសិបិល មកជាមួយដែរ»។
20. ព្រះបាទអហាប់បានចាត់គេឲ្យកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល ឲ្យមកជួបជុំគ្នានៅលើភ្នំកើមែល។
21. លោកអេលីយ៉ាចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ជាព្រះពិតប្រាកដមែន ចូរគោរពបម្រើព្រះអង្គចុះ ហើយប្រសិនបើព្រះបាលជាព្រះវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។
22. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
23. ចូរយកគោបាពីរក្បាលមក ហើយសូមអស់លោកព្យាការីជ្រើសរើសយកគោមួយក្បាល រួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។
24. បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតប ដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
25. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។
26. ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។