12. នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។
13. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូចយកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
14. ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។
15. នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃទាំងនាងទាំងកូននាង និងលោកអេលីយ៉ា
16. គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។
17. ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះ ធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។
18. ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
19. លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងមកឲ្យខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។
20. បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះបានទទួលទូលបង្គំឲ្យស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
21. លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។