11. នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងឲ្យខ្ញុំមួយដុំផង!»។
12. នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។
13. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូចយកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
14. ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។
15. នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃទាំងនាងទាំងកូននាង និងលោកអេលីយ៉ា
16. គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។
17. ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះ ធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។