9. មានរាជបម្រើមួយរូបរបស់ស្ដេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងធើសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។
10. លោកស៊ីមរីចូលមក ហើយធ្វើគុតស្ដេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសព្រះបាទអេឡា។
11. កាលបានឡើងសោយរាជ្យហើយ ព្រះបាទស៊ីមរីប្រហារជីវិតរាជវង្សរបស់ព្រះបាទបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកជំនិតក្ដី។
12. ព្រះបាទស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទបាសាទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បានថ្លែងតាមរយៈព្យាការីយេហ៊ូវ ទាស់នឹងព្រះបាទបាសា។
13. ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មានដែលព្រះបាទបាសា និងព្រះបាទអេឡា ជាបុត្រ បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
14. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេឡា និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
15. នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។
16. កាលពលទាហានបានដឹងថា ព្រះបាទស៊ីមរីក្បត់ព្រះបាទអេឡា ព្រមទាំងធ្វើគុតស្ដេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្ដេចលើអ៊ីស្រាអែល។