20. រាជកិច្ចផ្សេងៗ និងអំពើក្បត់របស់ព្រះបាទស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
21. គ្រានោះ ប្រជាជនអ៊ីស្រាអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកធីបនី ជាកូនរបស់លោកគីណាត ឡើងជាស្ដេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។
22. ក្រុមដែលគាំទ្រលោកមេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកធីបនី ជាកូនរបស់លោកគីណាត លោកធីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។
23. នៅឆ្នាំទីសាមសិបមួយនៃរជ្ជកាលព្រះបាទអេសា ស្ដេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលដប់ពីរឆ្នាំ គឺទ្រង់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា
24. រួចស្ដេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្ដេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរ ជាម្ចាស់ភ្នំនេះ។
25. ព្រះបាទអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺអាក្រក់លើសពីស្ដេចមុនៗទៅទៀត។
26. ស្ដេចដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្ដេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។