12. ព្រះបាទស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទបាសាទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បានថ្លែងតាមរយៈព្យាការីយេហ៊ូវ ទាស់នឹងព្រះបាទបាសា។
13. ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មានដែលព្រះបាទបាសា និងព្រះបាទអេឡា ជាបុត្រ បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
14. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេឡា និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
15. នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។
16. កាលពលទាហានបានដឹងថា ព្រះបាទស៊ីមរីក្បត់ព្រះបាទអេឡា ព្រមទាំងធ្វើគុតស្ដេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្ដេចលើអ៊ីស្រាអែល។
17. ព្រះបាទអូមរី និងកងទ័ពអ៊ីស្រាអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបថោនមក ឡោមព័ទ្ធក្រុងធើសា។
18. កាលព្រះបាទស៊ីមរីឃើញថា គេដណ្ដើមយកទីក្រុងបានហើយ ស្ដេចក៏យាងចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយសុគតក្នុងនោះទៅ។
19. ស្ដេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
20. រាជកិច្ចផ្សេងៗ និងអំពើក្បត់របស់ព្រះបាទស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។