25. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។
26. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
27. លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។
28. លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។
29. ពេលឡើងគ្រងរាជ្យហើយព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកឲ្យសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។
30. ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលព្រះបាទយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។
31. រាជកិច្ចផ្សេងៗរបស់ព្រះបាទណាដាប់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។