15. ស្ដេចបាននាំតង្វាយ ដែលបិតា និងស្ដេចផ្ទាល់ បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
16. ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។
17. ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។
18. ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖
19. «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះលើកទ័ពមកវាយទូលបង្គំ»។
20. ព្រះបាទបេនហាដាដយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងស្រុកណែបថាលីទាំងមូល។
21. កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។
22. ពេលនោះ ព្រះបាទអេសាប្រមូលជនជាតិយូដាទាំងមូល ឥតខ្វះអ្នកណាម្នាក់ឡើយ ដើម្បីជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើសម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ព្រះបាទអេសាយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។
23. រាជកិច្ចទាំងប៉ុន្មានរបស់ព្រះបាទអេសា គឺវីរភាពដ៏អង់អាច និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានប្រព្រឹត្ត ព្រមទាំងការសង់ទីក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ នៅគ្រាដែលស្ដេចមានព្រះជន្មចាស់ជរា នោះទ្រង់កើតរោគានៅព្រះបាទា។
24. កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។
25. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។
26. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។