9. អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។
10. ហេតុនេះ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាម ទាល់តែអស់ដែរ។
11. ក្នុងក្រុមគ្រួសារយេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាលនឹងត្រូវត្មាតចឹកស៊ី”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។
13. ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោមមានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។
14. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
15. ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកំចាត់កំចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
16. ព្រះអង្គបោះបង់ចោលអ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
17. មហេសីរបស់ព្រះបាទយេរ៉ូបោមក្រោកឡើង ហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។
18. គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ។
19. រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
20. ព្រះបាទយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្ដេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។
21. ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
22. ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។