20. ព្រះបាទយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្ដេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។
21. ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
22. ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។
23. ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
24. នៅក្នុងស្រុក មានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ*សក្ការៈ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
25. នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។
26. ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។
27. ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
28. គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
29. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទរេហូបោម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
30. ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។