1. គ្រានោះ សម្ដេចអប៊ីយាជាបុត្ររបស់ព្រះបាទយេរ៉ូបោមប្រឈួន។
2. ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។
3. ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
4. មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹត ដោយលោកចាស់ជរា។
5. មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នកអំពីកូន ដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។
6. កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។
7. សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។