23. ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។
24. លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។
25. មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។
26. កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះគាត់ ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសិង្ហ វាហែកសម្លាប់គាត់ ស្របតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកគាត់»។
27. បន្ទាប់មក ព្យាការីចាស់នោះពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។
28. ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសពនៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសិង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សិង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
29. គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ដាក់លើខ្នងលា នាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
30. គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”។
31. ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង
32. ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាមព្រះអម្ចាស់ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។