2. លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។
3. នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
4. ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកំរើកលែងរួច។
5. អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
6. ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។
7. ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
8. អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ
9. ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
10. បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
11. គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។
12. ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។