4. «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។
5. ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6. ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
7. អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។
8. ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។
9. ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
10. មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក នាំគ្នាទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។
11. បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។
12. លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ”។
13. ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។