១ ពង្សា‌វតារ‌ក្សត្រ 12:3-16 Khmer Standard Version (KHSV)

3. ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​ទូល​ព្រះ‌បាទ​រេហូ‌បោម​ថា៖

4. «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា‌មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។

5. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក‌ចេញ​ទៅ។

6. ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

7. អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​បម្រើ​ប្រជា‌ជន បើ​ព្រះ‌ករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។

8. ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ តែ​ស្ដេច​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។

9. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​បាន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្ដេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

10. មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក នាំ​គ្នា​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។

11. បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី”»។

12. លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​កំណត់​ដែល​ស្ដេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ”។

13. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

14. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។

15. ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។

16. ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹងព្រះ‌បាទ​ដាវីឌ​ទេ!ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយកូន​របស់​លោក​អ៊ីសាយ​ដែរ!ប្រជា‌ជន​អ៊ីស្រា‌អែល​អើយចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់លំ‌នៅ​របស់​ខ្លួន​វិញ។

១ ពង្សា‌វតារ‌ក្សត្រ 12