26. ព្រះបាទយេរ៉ូបោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។
27. ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្ដេចស្រុកយូដាមិនខាន»។
28. ស្ដេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
29. ស្ដេចតម្កល់រូបគោមួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។
30. ស្ដេចបាននាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។
31. ព្រះបាទយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវី ឲ្យធ្វើជាបូជាចារ្យ*។
32. ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំនៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្ដេចយាងទៅថ្វាយយញ្ញបូជានៅលើអាសនៈ។ ស្ដេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្ដេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្ដេចតែងតាំង សម្រាប់បម្រើការងារនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។
33. នៅថ្ងៃទីដប់ប្រាំនៃខែប្រាំបី ជាថ្ងៃដែលស្ដេចកំណត់ខ្លួនឯង ទ្រង់យាងទៅអាសនៈដែលទ្រង់បានសង់នៅបេតអែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជាជនអ៊ីស្រាអែល។ ក្នុងឱកាសនោះ ស្ដេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។