15. ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។
16. ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖«ពួកយើងគ្មានជាប់ជំពាក់អ្វីនឹងព្រះបាទដាវីឌទេ!ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយកូនរបស់លោកអ៊ីសាយដែរ!ប្រជាជនអ៊ីស្រាអែលអើយចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។រាជវង្សរបស់ព្រះបាទដាវីឌអើយឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញ។
17. ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
18. ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថ ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។
19. គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
20. កាលប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញលោកមក។ គេអភិសេកលោកជាស្ដេចលើប្រជាជនអ៊ីស្រាអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សព្រះបាទដាវីឌ។
21. ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ទ្រង់ក៏ប្រមូលទាហានក្នុងពូជពង្សយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រាអែលឯទៀតៗ ដើម្បីដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនវិញ។
22. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖