1. សម្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។
2. កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។
3. ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖
4. «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។
5. ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6. ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។