9. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង
10. ហើយហាមផ្ដាច់មិនឲ្យស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។
12. ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
13. យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
14. ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។
15. នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចំបាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។