36. រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យដាវីឌ ជាអ្នកបម្រើរបស់យើង មានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
37. រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។
38. ប្រសិនបើអ្នកស្ដាប់សេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។
39. យើងនឹងធ្វើឲ្យពូជពង្សដាវីឌត្រូវអាម៉ាស់ តែមិនមែនរហូតទេ”»។
40. ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោម លោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
41. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូនមានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «រាជកិច្ចរបស់ព្រះបាទសាឡូម៉ូន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស្ដេចបានធ្វើ និងអំពីប្រាជ្ញារបស់ស្ដេច។
42. ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម អស់រយៈពេលសែសិបឆ្នាំ។
43. កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្រឡើងស្នងរាជ្យ។