3. ព្រះបាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះហឫទ័យស្ដេចចេញពីព្រះជាម្ចាស់។
4. ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។
5. ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
6. ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។
7. នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
8. ព្រះរាជាបានសង់ទីសក្ការៈជាច្រើនទៀត សម្រាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឲ្យពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។
9. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង
10. ហើយហាមផ្ដាច់មិនឲ្យស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។
12. ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
13. យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
14. ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។