28. ទ្រង់សង្កេតឃើញលោកយេរ៉ូបោមជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្ដេចក៏ចាត់លោកឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។
29. ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។
30. លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះមកហែកជាដប់ពីរចំរៀក។
31. បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
32. យើងទុកកុលសម្ព័ន្ធតែមួយឲ្យសាឡូម៉ូន ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។
33. យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូតជាព្រះនៃជនជាតិស៊ីដូន កេម៉ូសជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមច្បាប់ និងវិន័យរបស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។
34. យើងមិនដកយកអាណាចក្រទាំងមូលចេញពីសាឡូម៉ូនទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើ ដែលយើងបានជ្រើសរើស ព្រោះដាវីឌបានកាន់តាមបទបញ្ជា និងច្បាប់របស់យើង។