១ ពង្សា‌វតារ‌ក្សត្រ 11:14-20 Khmer Standard Version (KHSV)

14. ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​ហាដាឌ ជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន។

15. នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់ ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រា‌អែល​ដែល​ស្លាប់​ក្នុង​ចំបាំង យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។

16. លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។

17. គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។

18. ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។

19. លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។

20. ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។

១ ពង្សា‌វតារ‌ក្សត្រ 11