8. ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។
9. សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។
10. ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។
11. កាលសំពៅរបស់ព្រះបាទហ៊ីរ៉ាមដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
12. ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចម្រៀង។ រហូតដល់សព្វថ្ងៃ គេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។
13. រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើ វិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។
14. ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ម្ភៃបីតោន។