13. រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើ វិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។
14. ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ម្ភៃបីតោន។
15. លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយសារអាកររបស់ស្ដេចទាំងឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។
16. ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម
17. និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។
18. ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។
19. បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្ដើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
20. មានរូបចម្លាក់សិង្ហដប់ពីរ ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
21. រីឯពែងទាំងប៉ុន្មានរបស់ស្ដេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។
22. ព្រះបាទសាឡូម៉ូនមានសំពៅដើរសមុទ្រសម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
23. ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញា លើសស្ដេចទាំងប៉ុន្មាននៅលើផែនដី។
24. មនុស្សទាំងអស់តែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្ដេច។
25. រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
26. ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេចក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។
27. ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
28. ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។
29. រទេះមួយមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះ ទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។