១ ពង្សា‌វតារ‌ក្សត្រ 1:44-52 Khmer Standard Version (KHSV)

44. ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។

45. លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង ដូច​អស់​លោក​បាន​ឮ​ស្រាប់។

46. លើស​ពី​នេះ សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក

47. ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ

48. ហើយ​មាន​រាជ‌ឱង្ការ​ថា: “សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក”»។

49. ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូ‌នី‌យ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។

50. សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌បាទ​សាឡូម៉ូន​យ៉ាង​ខ្លាំង សម្ដេច​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។

51. មាន​គេ​មក​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌ករុណា​ណាស់ សម្ដេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ ទាំង​ពោល​ថា: សូម​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទ្រង់​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។

52. ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់ នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។

១ ពង្សា‌វតារ‌ក្សត្រ 1