39. លោកបូជាចារ្យសាដុកយកស្នែងដាក់ប្រេងពីក្នុងព្រះពន្លាមក រួចចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ព្រះបាទសាឡូម៉ូន!»។
40. ប្រជាជនទាំងមូលដង្ហែស្ដេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។
41. ពេលសម្ដេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។
42. លោកយ៉ូអាប់កំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ មកដល់។ សម្ដេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះពិតជានាំដំណឹងល្អមិនខាន»។
43. លោកយ៉ូណាថានទូលសម្ដេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ ក្រាបទូល! ព្រះបាទដាវីឌជាអម្ចាស់នៃយើង បានតែងតាំងសម្ដេចសាឡូម៉ូនជាព្រះមហាក្សត្រហើយ។
44. ព្រះរាជាចាត់លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្ដេចសាឡូម៉ូនឡើងគង់លើខ្នងលារបស់ស្ដេច ហើយដង្ហែចេញទៅ។
45. លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពង ដូចអស់លោកបានឮស្រាប់។
46. លើសពីនេះ សម្ដេចសាឡូម៉ូនឡើងគង់លើរាជបល្ល័ង្ក
47. ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ
48. ហើយមានរាជឱង្ការថា: “សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីទូលបង្គំ ហើយឲ្យទូលបង្គំបានឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក”»។
49. ឮដូច្នេះ ភ្ញៀវទាំងប៉ុន្មានរបស់សម្ដេចអដូនីយ៉ានាំគ្នាភ័យញ័រ ហើយប្រញាប់ប្រញាល់បែកខ្ញែកគ្នាអស់ទៅ។
50. សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង សម្ដេចក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។
51. មានគេមកទូលព្រះបាទសាឡូម៉ូនថា៖ «សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះករុណាណាស់ សម្ដេចបានរត់ទៅតោងស្នែងអាសនៈ ទាំងពោលថា: សូមព្រះបាទសាឡូម៉ូនស្បថឲ្យខ្ញុំនៅថ្ងៃនេះ ទ្រង់នឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។
52. ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរឲ្យគោរពមែន សូម្បីតែសក់មួយសរសៃក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់ នោះគេនឹងត្រូវស្លាប់!»។
53. ព្រះបាទសាឡូម៉ូនចាត់គេ ឲ្យទៅយាងសម្ដេចអដូនីយ៉ាចុះពីអាសនៈ។ សម្ដេចក៏យាងចូលទៅក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន ហើយព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «សូមម្ចាស់បងយាងត្រឡប់ទៅដំណាក់វិញចុះ»។