36. លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ទូលស្ដេចថា៖ «អាម៉ែន! ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាជាអម្ចាស់ ទ្រង់មានព្រះបន្ទូលទុកដូច្នេះមែន។
37. សូមព្រះអម្ចាស់គង់ជាមួយព្រះបាទសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ! សូមព្រះអង្គប្រទានឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿង លើសរាជ្យរបស់ព្រះករុណាជាអម្ចាស់ទៅទៀត!»។
38. លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកសម្ដេចសាឡូម៉ូន ឲ្យឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
39. លោកបូជាចារ្យសាដុកយកស្នែងដាក់ប្រេងពីក្នុងព្រះពន្លាមក រួចចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ព្រះបាទសាឡូម៉ូន!»។
40. ប្រជាជនទាំងមូលដង្ហែស្ដេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។
41. ពេលសម្ដេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។
42. លោកយ៉ូអាប់កំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ មកដល់។ សម្ដេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះពិតជានាំដំណឹងល្អមិនខាន»។
43. លោកយ៉ូណាថានទូលសម្ដេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ ក្រាបទូល! ព្រះបាទដាវីឌជាអម្ចាស់នៃយើង បានតែងតាំងសម្ដេចសាឡូម៉ូនជាព្រះមហាក្សត្រហើយ។
44. ព្រះរាជាចាត់លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្ដេចសាឡូម៉ូនឡើងគង់លើខ្នងលារបស់ស្ដេច ហើយដង្ហែចេញទៅ។
45. លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពង ដូចអស់លោកបានឮស្រាប់។
46. លើសពីនេះ សម្ដេចសាឡូម៉ូនឡើងគង់លើរាជបល្ល័ង្ក
47. ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ
48. ហើយមានរាជឱង្ការថា: “សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីទូលបង្គំ ហើយឲ្យទូលបង្គំបានឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក”»។