22. កាលនាងបាតសេបាកំពុងតែទូលស្ដេច នោះព្យាការីណាថានចូលមកដល់។
23. គេទៅទូលស្ដេចថា ព្យាការីណាថានអញ្ជើញមកដល់ហើយ។ លោកណាថានចូលគាល់ស្ដេច ដោយក្រាបថ្វាយបង្គំ អោនមុខដល់ដី។
24. បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្ដេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា?
25. ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។
26. ប៉ុន្តែ សម្ដេចមិនបានអញ្ជើញទូលបង្គំ ជាអ្នកបម្រើព្រះករុណា ឬលោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានយាងសម្ដេចសាឡូម៉ូន ជារាជបុត្ររបស់ព្រះករុណា ទៅចូលរួមដែរ។
27. តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។
28. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកគាល់ព្រះរាជា។
29. ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «យើងសូមស្បថ ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ហើយបានរំដោះយើងឲ្យរួចផុតពីគ្រោះអាសន្នគ្រប់យ៉ាង!
30. ថ្ងៃនេះ យើងសម្រេចតែងតាំងសាឡូម៉ូន ជាបុត្ររបស់នាង ឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល»។
31. នាងបាតសេបាក្រាបថ្វាយបង្គំស្ដេច អោនមុខដល់ដី ទាំងទូលថា៖ «សូមព្រះបាទដាវីឌ ជាអម្ចាស់ ប្រកបដោយព្រះជន្មាយុយឺនយូរ!»។
32. បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យ*សាដុក ព្យាការី*ណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។
33. ព្រះរាជាមានរាជឱង្ការថា៖ «សូមប្រមូលរាជបម្រើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើង ឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។
34. នៅទីនោះ លោកបូជាចារ្យសាដុក និងព្យាការីណាថាន ត្រូវចាក់ប្រេងអភិសេកសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោព្រះបាទសាឡូម៉ូន!”