15. នាងបាតសេបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។
16. នាងបាតសេបាលុតជង្គង់ថ្វាយបង្គំព្រះរាជា ហើយព្រះរាជាសួរនាងថា៖ «តើនាងមានការអ្វី?»។
17. នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។
18. ប៉ុន្តែ ឥឡូវនេះ ម្ដេចក៏អដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ តើព្រះករុណាជាអម្ចាស់ពុំជ្រាបទេឬ?
19. អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាឲ្យទៅចូលរួមទេ។
20. បពិត្រព្រះករុណាជាអម្ចាស់! ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលរង់ចាំតែព្រះករុណាប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីព្រះករុណា។
21. បើមិនដូច្នោះទេ កាលណាព្រះករុណាលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំម្ចាស់ និងសាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ ថាជាអ្នកទោសមិនខាន»។
22. កាលនាងបាតសេបាកំពុងតែទូលស្ដេច នោះព្យាការីណាថានចូលមកដល់។