១ ពង្សា‌វតារ‌ក្សត្រ 1:14-20 Khmer Standard Version (KHSV)

14. លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្ដេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្ដេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។

15. នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។

16. នាង​បាត‌សេ‌បា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។

17. នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។

18. ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?

19. អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។

20. បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។

១ ពង្សា‌វតារ‌ក្សត្រ 1