13. នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
14. ចូរប្រតិបត្តិតាមបទបញ្ជាឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមក
15. នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញ។ព្រះជាម្ចាស់ប្រកបដោយសុភមង្គលមានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតីព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានាជាព្រះអម្ចាស់ធំលើសអម្ចាស់នានា
16. មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណាអាចចូលជិតបានឡើយហើយក៏គ្មានមនុស្សណាបានឃើញនិងអាចឃើញព្រះអង្គបានដែរសូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!
17. ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។
18. ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ
19. ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខ ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
20. ធីម៉ូថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នក ចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។
21. មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ។